មាតិកាថ្មីៗ

ជីវប្រវត្តិ​សង្ខេប​លោក​ឱសថ​បណ្ឌិត កុក សុខគីម បិតា​ថ្នាំ Kinal

លោក ឱសថ បណ្ឌិត កុក សុខគីម ដែល ជា ស្ថាបនិក ឱសថ គីណាល់ (Kinal) តាំង ពី ឆ្នាំ ១៩៦០ លោក បាន ទទួល មរណភាព ក្នុង ជន្មាយុ ៧៨ ឆ្នាំ នៅ ប្រទេស បារាំង កាល ពី រសៀល ថ្ងៃ ទី២៩ ខែ កក្កដា ឆ្នាំ ២០១១ ដោយ ជរាពាធ។

ប្រវត្តិ ការ សិក្សា និង ការងារ របស់ លោក ឱសថ បណ្ឌិត កុក សុខគីម លោក ឱសថ បណ្ឌិត កុក សុខគីម បាន ប្រឡង ជាប់ បាក់ ឌុប នៅ ឆ្នាំ ១៩៥៤ នៅ វិទ្យាល័យ ព្រះស៊ីសុវត្ថិ។ បន្ទាប់ មក លោក បាន ទៅ បន្ត ការ សិក្សា បណ្ឌិត ឱសថ សាស្ត្រ នៅ មហា វិទ្យាល័យ ឱសថ សាស្ត្រ MONTPELLIER (ម៉ុងប៉ឺលីយេ) ប្រទេស បារាំង អស់ រយៈ ពេល ៦ ឆ្នាំ ដោយ បាន រៀន បន្ថែម ខាង បច្ចេកវិទ្យា ផលិត ឱសថ ទៀត ផង។ នៅ ឆ្នាំ ១៩៦០ លោក បាន វិល ត្រឡប់ មក ប្រទេស កម្ពុជា វិញ លោក ក៏ បាន ចូល រួម បង្កើត មហា វិទ្យាល័យ ឱសថ សាស្ត្រ នៅ ភ្នំពេញ ហើយក៏ ចាប់ ផ្តើម បង្កើត សហគ្រាស ផលិត ឱសថ មុន គេ នៅ កម្ពុជា។ ឱសថ ដែល លោក បង្កើត និង ផលិត មុន គេ គឺ ឱសថ គីណាល់ សម្រាប់ បំបាត់ ការ ឈឺ ចុកចាប់ គ្រប់ ប្រភេទ។

បន្ដ បន្ទាប់ មក ទៀត លោក បាន បង្កើន ផលិតផល ឱសថ រហូត ដល់ ៧០ មុខ ដោយ មាន ការ ចូល រួម សហការ ពី ប្អូន របស់ លោក ឈ្មោះ កុក សុខខេង និង សហការី ចំនួន ១៧០ នាក់ ទៀត។ ទន្ទឹម នឹង នោះ លោក បាន បង្រៀន និង ជំរុញ ឲ្យ ឱសថ ការី ដែល ទើប តែ ចេញ ពី មហាវិទ្យាល័យ ឲ្យ បង្កើត រោងចក្រ ផលិត ឱសថ ជា បន្ត បន្ទាប់ រហូត មាន ដល់ ទៅ ១៥ រោងចក្រ។ តែ ជា អកុសល នៅ ឆ្នាំ ១៩៧៥ របប ខ្មែរ ក្រហម បាន កម្ទេច បំផ្លាញ ខ្ទេចខ្ទី អស់ នូវ សមិទ្ធផល ដែល លោក បាន បង្កើត ឡើង។

នៅ ឆ្នាំ ១៩៧៦ នៅ ពេល ដែល ខ្មែរ ក្រហម កាន់ អំណាច និង ធ្វើការ កាប់ សម្លាប់ បំផ្លិច បំផ្លាញ នៅ ក្នុង ប្រទេស កម្ពុជា លោក បាន ភៀស ខ្លួន ទៅ រស់ នៅ ឯ បរទេស ហើយ បាន ចូល ហ៊ុន នឹង គេ បង្កើត រោងចក្រ ផលិត ឱសថ ឈ្មោះ Polypharma (ប៉ូលីហ្វាមា) នៅ សាធារណ រដ្ឋ ប្រជាធិបតេយ្យ កុងហ្គោ ដោយ ផលិត ឱសថ ចំនួន ៥០ មុខ និង ប្រកប របរ បើក ឱសថស្ថាន នៅ ប្រទេស បារាំង អស់ រយៈ ពេល ៣៥ ឆ្នាំ។

ក្រោយ មក លោក បាន ត្រឡប់ មក ប្រទេស កម្ពុជា វិញ និង ចូល រួម ក្នុង វិស័យ សុខាភិបាល ហើយ លោក បាន ធ្វើ ឲ្យ ឱសថ គីណាល់ រស់ ឡើង វិញ និង ទទួល ភាព ល្បី ល្បាញ ពី សំណាក់ អ្នក ប្រើ ប្រាស់ ព្រម ទាំង លក់ ដាច់ ជាង គេ នៅ ក្នុង ប្រទេស កម្ពុជា ហើយ បាន នាំ ចេញ ទៅ លក់ នៅ ក្រៅ ប្រទេស ទៀត ផង។ ក្រៅ ពី វិស័យ សុខាភិបាល លោក ឱសថ បណ្ឌិត កុក សុខគីម បាន ចូល រួម ក្នុង ការ ស្ថាបនា ប្រទេស ជាតិ លើ វិស័យ ជាច្រើន ដូចជា វិស័យ ទេសចរណ៍ លោក បាន សាង សង់ សណ្ឋាគារ លំដាប់ ថ្នាក់ ផ្កាយ ៥ ឈ្មោះ Le Mérien (ឡឺមេរីយៀន) ដែល មាន តែ មួយ គត់ នៅ ក្នុង ប្រទេស កម្ពុជា។

ចំណែក វិស័យ ឧស្សាហកម្ម កៅស៊ូ លោក បាន បង្កើត រោងចក្រ ធំ ជាង គេ ក្នុង ប្រទេស កម្ពុជា ហើយ លោក បាន ចូល រួម លើ វិស័យ សាងសង់ និង អភិវឌ្ឍន៍ តំបន់ សេដ្ឋកិច្ច ពិសេស ជាច្រើន។ ក្រៅ ពី នេះ លោក បាន បង្កើត សមាគម ឱសថការី នៅ ប្រទេស បារាំង មួយ ដ៏ ធំ ដែល ទទួល ស្គាល់ ពី មជ្ឈដ្ឋាន ជាតិ និង អន្តរជាតិ។

លោក ឱសថ បណ្ឌិត កុក សុខគីម ជា ស្ថាបនិក ម្នាក់ ដែល មាន គំនិត ច្នៃ ប្រឌិត និង មាន គំនិត ជាច្រើន ក្នុង ការ ជួយ ស្ថាបនា ប្រទេស ជាតិ ហើយ លោក មាន គោល បំណង ឲ្យ កូន ខ្មែរ ជំនាន់ ក្រោយ ទទួល យក ចំណេះ ដឹង និង បទ ពិសោធ ដែល លោក មាន ដើម្បី បន្ត ស្នាដៃ និង ជា ប្រយោជន៍ សម្រាប់ ការ ស្ថាបនា និង អភិវឌ្ឍន៍ ប្រទេស ជាតិ ឲ្យ រីក ចម្រើន ទៅ មុខ។ តែ គួរ ឲ្យ សោក ស្តាយ លោក មិន អាច នៅ បន្ត ដើម្បី ជួយ បណ្តុះ បណ្តាល ដល់ អ្នក ជំនាន់ ក្រោយៗ ទៀត បាន ដោយ លោក បាន ធ្វើ មរណ កាល នៅ ប្រទេស បារាំង កាល ពី ថ្ងៃ ទី ២៩ ខែ កក្កដា ឆ្នាំ ២០១១ ដោយ ជរាពាធ៕

(យោង តាម ឯកសារ PPM នឹងភ្នំពេញប៉ុស្ត៍)