មាតិកាថ្មីៗ

ប្រាសាទកោះកេរ្តិ៍

ប្រាសាទកោះកេរ្តិ៍ មានទីតាំងស្ថិតនៅ ក្នុងភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង ស្រុកគូលេន មានចំងាយ ៧២គ.ម តាមផ្លូវជាតិលេខ ២៣គ.ម ពីទីរួមខេត្តសៀមរាប និង តាមផ្លូវលេខ ២១១ និង ផ្លូវលំ ចំងាយ ៤៩គ.ម ពីទីរួមខេត្តព្រះវិហារ។ ក្រុមប្រាសាទ កោះកេរ្តិ៍ សង់លើផ្ទៃដី ខ្ពង់រាប ដែលមានឈ្មោះថាឆកគគី ដោយព្រះបាទជ័យវ័រ្មនទី៤ (៩២៨-៩៤២)។ ប្រាសាទកោះកេរ្តិ៍ មានលក្ខណៈ ជាប្រាសាទភ្នំ កំពស់ប្រមាណ ៣៥ម ចែកចេញជា ៧ ថ្នាក់ បីដូចជាមហាចេតិយ៍ បែរមុខនោះទៅទិសខាងលិច ទៅរករាជធានីអង្គរ។
ប្រាសាទកោះកេរ្តិ៍
ប្រាសាទកោះកេរ្តិ៍
កោះកេរ្តិ៍ គឺជារាជធានីចាស់បុរាណ មានអាយុប្រមាណជាង ១០០០ឆ្នាំ មកហើយ។ ប្រាសាទកោះកេរ្តិ៍នេះ សាងសង់ឡើង គឺសំរាប់ឧទ្ទិសដល់អាទិទេពមួយអង្គឈ្មោះ ត្រីភូវនេស្វរៈ ដែល សិលាចារិក ជាភាសាខ្មែរថា "កម្រតែងដ៏រាជា" ជាអាទិទេពធំ ឬ ផ្តល់សេចក្តីសុខ ក្នុងពិធីសក្ការៈទេវរាជមនុស្សលោក។
ក្រុមប្រាសាទ កោះកេរ្តិ៍ ដែលបានរកឃើញសព្វថ្ងៃ មានចំនួន ៩៦ ប្រាសាទដូចជាៈ ប្រាសាទដាវ រំលំបី បឹងវែង ត្រពាំងព្រៃ ដីឆ្នាំង ស្រុងស្រឡៅ លិង្គ គុកស្រគំ ត្រពាំងតា សុភី ក្រហម អណ្តូង អង្គខ្នា  ទឹកក្រហម ដំរីស ក្ររាប់ បន្ទាយពីរជាន់ គុក ខ្មៅ ថ្នឹង ធំបល័ង្គ រហាល ចំនេះ  សំពេច ត្រពាំងស្វាយ នាងខ្មៅ ប្រាំ បាត់ ខ្នារចិន ឃ្លុំ ច្រាប ដងទង់ ប្រាង្គ កំផែង។ល។ ប្រាសាទទាំងនេះ ពុំបានសាងសង់ ជាប់គ្នាទេ គឺនៅដាច់ៗពីគ្នាពី ១គ.ម ទៅ ៣គ.ម ឬ ៤គ.ម បច្ចុប្បន្នប្រាសាទនេះត្រូវខូចខាត បាត់រូបរាង ខ្លះកប់ក្នុងដី...។ ក្នុងនោះយើង សូមលើកយកទិដ្ឋភាពប្រាសាទ មួយចំនួនមករៀបរាប់៖
  • ប្រាសាទនាងខ្មៅ៖ នៅតាមបណ្តោយដងផ្លូវមួយ ទៅទិសខាងជើង ប្រមាណជាង ៣គ.ម គេឃើញជាដំបូង គឺ ប្រាសាទនាងខ្មៅ នៅខាងកើតផ្លូវ នៅលើដីទួលមួយ បែរមុខឆ្ពោះទៅទិសខាងលិច ចំរាជធានីអង្គរ។  ប្រាសាទនេះសង់អំពីថ្មភក់ កំពស់ប្រមាណ ២០ម រាងជាចេតីយ៍ សម្បុរខ្មៅ មានខឿន កំពស់ប្រមាណជាង ២ម ចែកចេញជា ៣ថ្នាក់មានកំផែងធ្វើពីថ្មបាយក្រៀម ព័ទ្ធជុំវិញប្រវែង ៤៤មx៤៤ម មានខ្លោងទ្វារ ចេញចូលតែពីរទេ គឺខាងលិច និង ខាងកើតតែប៉ុណ្ណោះហើយមានកំពស់ ប្រមាណ២ម។ នៅខាងក្នុងប្រាសាទ នាងខ្មៅនេះ បច្ចុប្បន្ននៅសល់តែ ទរ (យោនី) ប៉ុណ្ណោះ ឯសិវលឹង្គប្រវែង ២ម ទំហំ១ម នោះត្រូវបាត់បង់ទៅហើយ។ ចំលាក់តាមផ្តែរ ក្លោងទ្វារចូលប្រាសាទ ខូចបន្តិចបន្ទួច តួប្រាសាទនៅល្អប្រមាណ ៩០% មានព្រៃល្បាស់ ដុះព័ទ្ធជុំវិញ ឯកំពែងខូចខាត ប្រមាណ ៣០%។
ប្រាសាទនាងខ្មៅ
  • ប្រាសាទប្រាំ៖ ប្រមាណ ៧០០- ៨០០ម ខាងលិចប្រាសាទ នាងខ្មៅនេះ មានប្រាសាទមួយទៀត គឺប្រាសាទប្រាំ។ ប្រាសាទនេះ សង់អំពីថ្មបាយក្រៀម និង ថ្មភក់ នៅលើដីទួលមួយ សព្វថ្ងៃត្រូវព្រៃដុះ ទ្រុបទ្រុលបាត់បង់ រូបចំលាក់លឹង្គនិងផ្តែរ ឯតួប្រាសាទ គឹនៅល្អច្រើន។
ប្រាសាទប្រាំ
  • ប្រាសាទចិន៖ នៅខាងមុខប្រមាណជា ៥០០ម - ៦០០ម មានប្រាសាទមួយ ទៀតមានកំពូលបី ដូចប្រាសាទអង្គរដែរ តែប្រាសាទនេះ បែរមុខទៅកើត សង់អំពីថ្មបាយក្រៀម និង ថ្មភក់។ ក្នុងប្រាសាទ ឃើញមានសល់តែលឹង្គ មួយកំណាត់ទំរ ៥ នៅខាងមុខប្រាសាទនេះ មានរូបបដិមាករមួយកំណាត់ គឺជារូបព្រះ បាទជ័យវ័រ្មនទី៤ ដេកផ្កាប់មុខទៅលើដី ប្រាសាទនេះ គេឱ្យឈ្មោះថា ប្រាសាទចិន សព្វថ្ងៃមានព្រៃដុះគ្របដណ្តប់ជិត។ ចំលាក់ផ្តែរនៅក្លោងទ្វារ ចូលប្រាសាទខាងត្បូង បាត់ក្បាលគ្រុឌមួយ។
ប្រាសាទចិន
  • អណ្តូងប្រេង៖ ទៅមុខប្រមាណ ៨០០-៩០០ម គឺអណ្តូងប្រេង។ អណ្តូងនេះមានលក្ខណៈដូចស្រះ យើងដូច្នេះដែរ គឺមាត់លើប្រមាណ ២០មx ២០ម ជំរៅជ្រៅមានខឿនថ្ម រៀបជុំវិញពីផ្ទៃទឹក ឡើងទៅលើ ខ្ពស់ជាងផ្ទៃដីប្រមាណ៧-៨តឹក ថ្មមួយដុំៗ ទំហំ១មx ០,៧ម។ អណ្តូងនេះមានទឹកថ្លាឈ្វេង នៅក្រោមម្លប់ឈើ ត្រឈឹងត្រឈៃបច្ចុប្បន្ន ជាទីស្នាក់អាស្រ័យ របស់អ្នកដំណើរ ដែលធ្វើដំណើរកាត់ តាមទីនេះ។
អណ្តូងប្រេង
  • កំពែងប្រាសាទកោះកេរ្តិ៍៖ ទៅមុខតាមផ្លូវដដែល ប្រមាណជិត ១គ.ម ទៀតគឺកំពែង ប្រាសាទកោះកេរ្តិ៍ កំពែងនេះធ្វើអំពី ថ្មបាយក្រៀម ព័ទ្ធជុំវិញ ប្រមាណជាង ១គ.ម ជុំវិញ កំពស់ជាង២ម មានក្លោងទ្វារ ច្រកចូល។ នៅក្នុងនោះមានបណ្តាប្រាសាទ ប្រមាណជាង២០ទៀត។ ក្នុងនោះយើងលើកយកតែប្រាសាទ មួយចំនួនដែលមានរូបរាង ច្បាស់លាស់ស្គាល់ឈ្មោះខ្លះៗ មានជំរាបជូនដូចតទៅ៖
      • ប្រាសាទគុក ឬ គោបុរៈ សង់អំពីថ្មភក់ មានចំលាក់ផ្កាភ្ញីត្របកផ្កាឈូក នៅតាមហោជាង និង ក្លោងទ្វារខ្លះៗតែប៉ុណ្ណោះ ដោយឡែកតួប្រាសាទ គឺនៅសល់ប្រមាណ ៧០-៨០% និង មានចំលាក់សិវលឹង្គនៅខាងក្នុង ដែលសព្វថ្ងៃបាត់ និង ខូចខាត។
      • ប្រាសាទប្រាង្គ៖ បន្ទាប់មកទៀតគឺ ប្រាសាទប្រាង្គ ប្រាសាទនេះធ្វើអំពី ថ្មភក់ និង ឥដ្ឋ មានប្រាំតំណាក់ ចែកចេញពីគ្នា មានកំពូលប្រាសាទ ដូចប្រាសាទអង្គរធំ នៅសល់ប្រមាណ៧០-៨០%។
      • ប្រាសាទក្រហម៖ បន្តទៀតប្រមាណ ១០ម គឺប្រាសាទក្រហម។ ប្រាសាទនេះសង់អំពីឥដ្ឋបុរាណ មានរូបរាងជាពីរ៉ាមីត ចែកចេញជា ៧ថ្នាក់  មានក្បាច់ត្របកផ្កាឈូក ជុំវិញកំពស់ប្រមាណជិត ២០ម។ នៅខាងក្នុងប្រាសាទនេះ គឺជាកន្លែងតំកល់រូប ព្រះសិវមួយអង្គ យ៉ាងធំកំពស់ប្រមាណ ៣ម ដែលមានព្រហស្ថ ៨ ព្រះកេស ៤ បច្ចុប្បន្នបាក់បែកជាបំណែកៗ ដែលយើងអាចមើល ស្គាល់តិចតួច ខាងក្រោមគឺមានទំរ ៤ ដែលមានទំហំ ១ម២ នៅនឹងកន្លែង។
    • ប្រាសាទកោះកេរ្តិ៍៖ ចំងាយប្រមាណ ២០០-៣០០ម ខាងលិចនេះគឺ ប្រាសាទកំពែង ឬ កោះកេរ្តិ៍ ប្រាសាទនេះ មើលពីចំងាយ ត្រូវគ្របដណ្តប់ដោយ ឈើព្រៃហាក់បីដូចជា កូនភ្នំមួយ តែយើងចូលជិត ប្រាសាទនេះ មានរាងដូចជាមហាចេតីយ៍ មួយយ៉ាងធំសង់អំពីថ្មភក់ មានកំពស់ប្រមាណ ៣៥ម ចែកចេញជា ៧ថ្នាក់ មានកាំជណ្តើរប្រមាណ ៥៥កាំ។ តាមថ្នាក់ពីមួយទៅមួយ មានកំពស់៥ម មានផ្ទៃរាបប្រមាណ ២ម តាមចន្លោះថ្នាក់នីមួយៗ។ នៅលើកំពូលប្រាសាទនេះ បច្ចុប្បន្នមានរូបចំលាក់គ្រុឌ ធំៗជាច្រើន កំពុងសំដែងរិទ្ធ ទ្រនូវសិវលឹង្គ ត្រីភូវនេស្វរៈ នៅក្បែរគ្នានេះដែរ មានមាត់រន្ធអណ្តូង មួយទំហំ ៤x៤ម ជ្រុងមានជំរៅ ពីលើដល់បាតសព្វថ្ងៃ មានស្មៅដុះមើលពុំឃើញ ទេ (តាមតំណាលចាស់ៗ និយាយថា បើគេទំលាក់ផ្លែដូង ទុំពីទីនេះផ្លែដូងនេះ នឹងទៅផុសឯស្រះខាងមុខ ជិតប្រាសាទខ្មៅឯណោះ)។ នៅលើកំពូលប្រាសាទ មានព្រៃដុះបន្តិចបន្ទួច ខ្យល់ត្រជាក់ទេសភាពជុំវិញស្អាតល្អ មើលឃើញភ្នំដងរ៉ែក ភ្នំត្បែង និង ស្រុកគូលែន។ នៅខាងជើង មានប្រាសាទមួយទៀត ឈ្មោះប្រាសាទដំរីស  តែប្រាសាទនេះ ខូចខាតច្រើន។ នៅខាងជើងឆៀងខាងកើត មានប្រាសាទមួយទៀត គឺប្រាសាទលឹង្គ ប្រាសាទនេះ តំកល់តែសិវលឹង្គប៉ុណ្ណោះ មានចំនួន ៣ តាមលំដាប់លំដោយ មានធំចុះមកតូច តែលឹង្គ១ ត្រូវខូចមួយកំណាត់ហើយ។
    ប្រាសាទកោះកេរ្តិ៍
    វិដេអូពន្យល់លំអិត៖