មាតិកាថ្មីៗ

ប្រវត្តិ សម្តេច ប៉ែន នុត

សម្តេច ប៉ែន នុត គឺ​ជា​អ្នក​នយោបាយ​មាន​ឈ្មោះ​បោះ​សំឡេង​ម្នាក់។ លោក​គឺ​ជា​ឥស្សរជន​ម្នាក់​របស់​ប្រទេស​កម្ពុជា គឺ​ជា​រដ្ឋមន្ត្រី, ចៅហ្វាយ​ខែត្រ, អភិបាល​រាជធានី និង​បាន​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​អស់​រយៈ​ពេល​ជា​ច្រើន​ដង រួម​ទាំង​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ផង​ដែរ។

សម្តេច ប៉ែន នុត
សម្តេច ប៉ែន នុត
១.ប្រវត្តិ
នាម និង គោត្តនាម         ៖   ប៉ែន នុត [អាន​ថា៖ ប៉ែន-នុត]
សញ្ជាតិ                       ៖  ខ្មែរ
ថ្ងៃ ខែ ឆ្នាំ កំនើត             ៖  ១៥ ខែមេសា ១៩០៨ (ឯកសារ​ខ្លះ​ថា ឆ្នាំ​១៩១០)។
ទីកន្លែងកំនើត                ៖ ក្រុង​ភ្នំពេញ។
ប៉ែន នុត ក្នុង​គ្រួសារ​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់។
បិតា​នាម ប៉ែន និង​មាតា​នាម លាភ។
២.ជីវិត​អាពាហ៍ពិពាហ៍
ឯក​ឧត្ដម ប៉ែន នុត បាន​រៀប​អាពាហ៍ពិពាហ៍ និង​មាន​បុត្រ​ចំនួន​៤​នាក់។

៣.ការសិក្សា
កុមារ ប៉ែន នុត បាន​ចូល​សិក្សា​នៅ​សាលា​​បឋម​សិក្សា​ខ្មែរ​បារាំង នា​ឆ្នាំ​១៩១៨ រួច​បន្ត​ការ​សិក្សា​នៅ​សាលា​រដ្ឋបាល​បារាំង​ក្រុង​ភ្នំពេញ។
ឆ្នាំ​១៩២៩ លោក​បាន​បញ្ចប់​ការ​សិក្សា​ដោយ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៥ និង​បាន​កាន់​តំណែង​ជា​រដ្ឋបាល​ជាន់​ខ្ពស់​នៅ​ឆ្នាំ​១៩៣៥
នា​ខែ​កញ្ញា ឆ្នាំ​១៩៣៨ លោក​បាន​ទៅ​បន្ត​ការ​បណ្ដុះ​បណ្ដាល​នៅ​ទីក្រុង​ប៉ារីស, នា​ក្រសួង​អាណានិគម ដើម្បី​បញ្ចប់​ការ​បណ្ដុះ​បណ្ដាល​នេះ។
៤.ការ​ចូល​បម្រើ​រាជការ
បន្ទាប់​ពី​សង្គ្រាម​លោក​លើក​ទី​២​កើត​ឡើង នា​​ខែ​កញ្ញា ឆ្នាំ​១៩៣៩ លោក​បាន​វិល​ត្រឡប់​មក​តំណែង​រដ្ឋបាល​នៅ​ប្រទេស​កម្ពុជា​វិញ ដោយ​ធ្វើ​ជា​ចៅហ្វាយ​ខេត្ត​រង​ខេត្ត​កណ្ដាល ដោយ​មាន​លោក អ៊ឹង ហ៊ី ជា​ចៅហ្វាយ​ខេត្ត។
នៅ​ចុង​ឆ្នាំ​១៩៤០ លោក​ត្រូវ​បាន​តែង​តាំង​ជា​ប្រធាន​បុគ្គលិក ក្រោម​ការ​គ្រប់​គ្រង​របស់​លោក អ៊ឹង ហ៊ី ដែល​បាន​ក្លាយ​ជា​នាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​កិច្ចការ​សាសនា។
នៅ​ក្នុង​រដ្ឋការ​ព្រះមហាក្ស័ត្រិយ៍ នរោត្ដម សីហនុ នៅ​ខែ​មេសា ឆ្នាំ ១៩៤១ លោក​នៅ​បន្ត​ជា​ប្រធាន​បុគ្គលិក តែ​លោក អ៊ឹង ហ៊ី បាន​ក្លាយ​ជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ, វប្បធម៌ និង​វិចិត្រ​សិល្បៈ នៃ​ព្រះ​បរម​រាជ​វាំង។
នៅ​ថ្ងៃ​ទី​០៩ ខែ​មីនា ឆ្នាំ​១៩៤៥ នៅ​ពេល​ជប៉ុន​បាន​រំលំ​រដ្ឋបាល​អាណានិគម លោក អ៊ឹង ហ៊ី បាន​ក្លាយ​ជា​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ ក្រោម​ការ​ដឹក​នាំ​របស់ នរោត្ដម សីហនុ និង​លោក​ ប៉ែន នុត បាន​ក្លាយ​ជា​អនុរដ្ឋមន្ត្រី​ក្រសួង​នេះ រួច​បាន​ក្លាយ​ជា​រដ្ឋមន្ត្រី​បន្ទាប់​ពី​ លោក សឺង ង៉ុក ថាញ់ បាន​ក្លាយ​ជា​នាយករដ្ឋមន្ត្រី នា​ថ្ងៃ​ទី​១៤ ខែ​​សីហា ឆ្នាំ​១៩៤៥។
ថ្ងៃ​ទី​១៦ ខែ​តុលា ឆ្នាំ​១៩៤៥ លោក​ត្រូវ​បាន​តែង​តាំង​ជា​ចៅហ្វាយ​ខេត្ត​កំពង់ចាម។
ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​១៩៤៦ លោក​ត្រឡប់​មក​ក្រុង​ភ្នំពេញ​វិញ នឹង​ត្រូវ​បាន​តែង​តាំង​ជា​អភិបាល​ក្រុង​នេះ នា​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​១៩៤៦។
លោក​ក៏​បាន​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​១៩៤៨ ដល់ ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​១៩៤៩។
ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​១៩៤៨ លោក​បាន​ក្លាយ​ជា​ប្រធាន​ក្រុម​ប្រឹក្សា​រដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ព័ត៌មាន ហើយ​លោក​បាន​លា​លែង​នា​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​១៩៤៩។
ចាប់​តាំង​ពី​ឆ្នាំ​១៩៥០ លោក​បាន​ធ្វើ​ជា​ទីប្រឹក្សា​ព្រះ​មហាក្ស័ត្រិយ៍ ដោយ​មាន​តំណែង​ស្មើ​នឹង​រដ្ឋមន្ត្រី។
លោក​ត្រូវ​បាន​តែង​តាំង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​នា​ថ្ងៃ​ទី​០៩ ខែ​ឧសភា ឆ្នាំ​១៩៥០។
នៅ​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​១៩៥៣ ក្នុង​រយៈ​ពេលការ​ទាមទារ​ឯករាជ្យ​របស់​សម្ដេច​ព្រះ នរោត្ដម សីហនុ លោក ប៉ែន នុត ត្រូវ​បាន​តែង​តាំង​ជា​នាយករដ្ឋមន្ត្រី និង​មេ​បញ្ជា​ការ​កង​ភូមិន្ទ​ខ្មែរ មុន​ពេល​ដែល​លោក​និរទេស​ទៅ​ប្រទេស​សៀម។
នៅ​ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម លោក​ជា​អ្នក​នយោបាយ​ដ៏​មាន​ឈ្មោះ​ម្នាក់ និង​បាន​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ជា​ច្រើន​ដង, ១៨ មេសា ១៩៥៤ ដល់ ២៦ មករា ១៩៥៥ និង​ពី ១៧ មករា ១៩៥៨ ដល់ ២៤ មេសា ១៩៥៨។
នា​ខែ​មិថុនា ឆ្នាំ​១៩៥៨ លោក​បាន​ក្លាយ​ជា​ឯកអគ្គរាជទូត ប្រចាំ​ទីក្រុង​ប៉ារីស រហូត​ដល់​ខែ​មករា ឆ្នាំ​១៩៦១ នៅ​ពេល​ដែល​លោក​ត្រឡប់​មក​វិញ ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ពី​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​១៩៦១ ដល់ ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​១៩៦១។
លោក​បាន​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ជា​លើក​ទី​៦ ពី​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​១៩៦៨ ដល់ ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​១៩៦៩។
បន្ទាប់​ពី​រដ្ឋ​ប្រហារ​ឆ្នាំ​១៩៧០ លោក​បាន​ចូល​រួម​ជាមួយ​សម្ដេច នរោត្ដម សីហនុ។
បន្ទាប់​ពី​ខ្មែរ​ក្រហម​ឡើង​កាន់​អំណាច​នា​ឆ្នាំ​១៩៧៥ លោក​បាន​កាន់​តំណែង​ចុង​ក្រោយ​របស់​លោក​ជា​នាយករដ្ឋមន្ត្រី រហូត​ដល់​ថ្ងៃ​ទី​០៤ ខែ​មេសា ឆ្នាំ​១៩៧៦ តែ​លោក​មិន​មាន​អំណាច​អ្វី​ទេ តែ​ត្រូវ​បាន​ដាក់​ឲ្យ​ជាប់​ឃុំឃាំង​ក្នុង​ផ្ទះ បន្ទាប់​ពី​ថ្ងៃ​រំដោះ​លោក​បាន​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ។
៥.គ្រឿង​ឥស្សរិយយស
លោក​បាន​ទទួល​ងារ​ជា «សម្ដេច»។

៦.មរណភាព
លោក​បាន​ធ្វើ​អន្តប្រវេសន៍​​ទៅ​ប្រទេស​បារាំង ដោយ​ដំបូង​ទៅ Champs-sur-Marne និង​បន្ទាប់​មក​ទៅ Châtenay-Malabry ដោយ​ទទួល​បាន​ឋានៈ​ជន​ភៀស​ខ្លួន កាល​ពី​ថ្ងៃ​ទី​០៦ ខែ​មីនា ឆ្នាំ​១៩៨១ និង​បាន​ទទួល​មរណភាព​នា​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​១៩៨៥។
ប្រភព៖ WIKIPEDIA