មាតិកាថ្មីៗ

​សត្វ​ខ្ទីង​ដែល​រស់នៅ​ខេត្តមណ្ឌលគិរី​

​សត្វ​ខ្ទីង​ដែល​រស់នៅ​ខេត្តមណ្ឌលគិរី​
​សត្វ​ខ្ទីង​ដែល​រស់នៅ​ខេត្តមណ្ឌលគិរី​
សត្វ​ខ្ទីង ជា​ប្រភេទ​សត្វ​ព្រៃធំ​មួយ​ប្រភេទ​ដែលមាន​តម្លៃ​កាត់ថ្លៃ​មិនបាន ហើយ​អ្វីដែល​ជាការ​ព្រួយបារម្ភ​នោះ គឺ​ការ​រស់នៅក្នុង​ធម្មជាតិ​កំពុង​ប្រឈម​នឹង​បញ្ហា​ជាច្រើន ពិសេស​គឺ​ការរេចរឹល នៃ​តំបន់​ព្រៃភ្នំ​ដែល​ចេះតែ​រួញ​តូច​ទៅៗ​។


​មន្ត្រី​កា​ពារ​សត្វព្រៃ​ខេត្តមណ្ឌលគិរី​ថ្លែងថា ដោយសារ​សត្វ​នេះ​មានតម្លៃ ពួក​ព្រានព្រៃ​តែង​តាម​ប្រមាញ់​ដោយ​ប្រើប្រាស់​កាំភ្លើង​តែម្តង ដែល​ពី​សម័យ​ដើម​មុន​សង្គ្រាម ព្រានព្រៃ​មានតែ​ស្នា​មិនអាច​ប្រមាញ់​បាន​សត្វ​ធំៗ​បែបនេះ​ទេ​។

​ផ្អែកទៅលើ​ការសង្កេត​លើ​អំបូរ​សត្វ​ខ្ទីង ដែលមាន​វត្តមាន​រស់​នៅ​ក្នុងព្រៃ​ខេត្តមណ្ឌលគិរី​នោះ​គឺ ពួកវា​មាន​មាឌធំ ខ្លួន​ខ្មៅ បូក​ក្រាស់​លាតសន្ធឹង​រហូតដល់​ស្ទើរ​ពាក់កណ្តាល​ខ្នង ចំណែក​.​ក​ខ្លី​បន្តិច រាង​មាំ ដោយមាន​បូក​នៅ​ផ្នែក​ខាងក្រោម​។ ជើង​ទាំង​បួន​ចាប់ពី​ជង្គង់​ចុះក្រោម​ពណ៌​ប្រផេះ​។ នៅលើ​ថ្ងាស មាន​រោម​វែង​ពណ៌​ប្រផេះ ឬ​ពណ៌​លឿង​មាស​ស្រាល​។ កូន​របស់​វា​មាន​ពណ៌​ត្នោត រហូតដល់​វា​មាន​អាយុ​ពី​៤​ទៅ​៥​ខែ ទើប​ក្លាយទៅជា​ពណ៌​ខ្មៅ​។ ខ្ទីង​ញី​មាន​មាឌ និង​ស្នែង​តូច​ជាង​ខ្ទីង​ឈ្មោល ហើយ​ពុំ​សូវ​មាន​បូក និង​បួរ​ដូច​ខ្ទីង​ឈ្មោល​ទេ​។ ហើយ​ប្រជាជន​ដែល​រស់​នៅតាម​តំបន់​ព្រៃភ្នំ ច្រើន​ហៅ​ឈ្មោះ​សត្វ​នេះ​ថា «​ខ្ទីង​ភ្នំ​»​។ ស្នែង​ខ្ទីង​មាន​រាង​សំប៉ែត​ជាង​ស្នែងទន្សោង ហើយ​ដុះ​មក​ពណ៌​ប្រផេះ​ខៀវ ផ្នែក​គល់​ដុះ​ចេញ​ក្រៅ​រួច​កោង​ឡើង​ទៅលើ​ដូច​ទន្សោង​ដែរ​។ ខ្ទីង​មាន​ទម្ងន់​ពី​៥០០​ទៅ​១០០០​គីឡូក្រាម​។ ខ្ទីង​ឈ្មោល​ពេញវ័យ​មាន​កម្ពស់​១,៨៥​ម៉ែត្រ និង​ញី ១,៦០​ម៉ែត្រ​។ ខ្ទីង​ឈ្មោល​មាន​កម្ពស់​ខ្ពស់បំផុត​រហូតដល់​២​ម៉ែត្រ​។​


​តាម​ការសិក្សា​បាន​បង្ហាញថា សត្វ​ខ្ទីង អាច​រស់នៅ​បាន​ពី​តំបន់​ទំនាប​រហូតដល់​រយៈកម្ពស់​២ ០០០​ម៉ែត្រ (​តំបន់​ខ្ពង់រាប និង​ជួរ​ភ្នំក្រវាញ​)​។ អំបូរ​សត្វ​ខ្ទីង​នេះ​
​ភាគច្រើន រស់នៅក្នុង​ព្រៃស្រោង ព្រៃ​ល្បោះ វាលស្មៅ និង​អាច​រស់នៅ​រយៈកម្ពស់​ខ្ពស់ជាង​ទន្សោង​។ ជាធម្មតា ខ្ទីង​ចេញ​រកស៊ី​នៅពេល​ព្រឹក និង​ពេល​ល្ងាច​។ វា​ចូលចិត្ត​រស់នៅ​ជា​ហ្វូង​។ អាហារ​របស់​វា គឺ​ល្បាស់​ខ្ចី ទំពាំង ស្មៅ និង​វល្លិ​ជាដើម​។ ខ្ទីង​ញី​អាចបង្កើត​កូន​បាន​១​បន្ទាប់ពី​ពពោះ​រយៈពេល​៩​ខែ​។
​ខ្ទីង ជា​សត្វ​មួយ​ប្រភេទ​ដែល​ទទួលរង​នូវ​ការគំរាមកំហែង​យ៉ាងខ្លាំង ហើយ​ចំនួន​របស់​វា​មានការ​ថយចុះ​គួរ​ឲ្យ​ព្រួយបារម្ភ​។

​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី លោក កែវ សុភ​គ៌ បាន​ឲ្យ​ដឹងថា សត្វ​ខ្ទីង​មាន​រស់នៅ​តំបន់​ដែន​ជម្រក​ទាំង​៥​ក្នុង​ខេត្តមណ្ឌលគិរី ក្នុងនោះ​រួមមាន ដែន​ជម្រក​ការពារ​សត្វព្រៃ​កែវ​សីមា ដែនជម្រកសត្វព្រៃ​ស្រែ​ពក ដែនជម្រកសត្វព្រៃ​ភ្នំ​ណាំ​លៀ ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច នឹង​ដែនជម្រកសត្វព្រៃ​លំផាត់​។​

​លោក​ប្រធាន​ម​ន្ទិ​រ​បញ្ជាក់ថា ខ្ទីង​រស់នៅក្នុង​តំបន់​មួយចំនួន​ដូចជា ភូមិភាគ​ឦសាន ភូមិភាគ​ខាងជើង ខេត្តកោះកុង ខេត្តពោធិ៍សាត់ (​ជួរ​ភ្នំក្រវាញ​) និង​ខេត្តកំពង់ស្ពឺ​ជាដើម ។​

​បច្ចុប្បន្ន ខ្ទីង​ស្ថិតក្នុង​ក្រុម​ប្រភេទ​សត្វ​មាន​ដោយ​កម្រ មាន​ដង់ស៊ីតេ​រស់នៅ​កម្រិត​ទាប​។ គេ​កម្រ​ឃើញ​វា​រស់​នៅតាម​វាលទំនាប​ណាស់​ព្រោះ​សត្វ​នេះ​មិន​ចូលចិត្ត​កម្តៅថ្ងៃ​យូរពេក​ទេ ។ សត្វ​ខ្ទីង កំពុង​ប្រឈមមុខ​នឹង​ការរង​គ្រោះថ្នាក់​ដោយសារ​ការបាត់បង់​ទីជម្រក​រស់នៅ ការ​បរបាញ់​ដើម្បី​យក​សាច់ ស្នែង ឆ្អឹង និង​ការជួញដូរ​។ ខ្ទីង​ប្រភេទ​នេះ ត្រូវបាន​ចុះ​ក្នុង​បញ្ជី​ក្រហម IUCN (VU) ថា ជា​ប្រភេទ​ងាយ​រងគ្រោះថ្នាក់​ជា​សាកល​។ សត្វ​ខ្ទីង ស្ថិតនៅក្នុង​ឧបសម្ព័ន្ធ​ទី​១ នៃ​អនុសញ្ញា​សាយ​តេស​៕

​សត្វ​ខ្ទីង​ដែល​រស់នៅ​ខេត្តមណ្ឌលគិរី​
​សត្វ​ខ្ទីង​ដែល​រស់នៅ​ខេត្តមណ្ឌលគិរី​